ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អំពាវនាវ​ឱ្យ​ពលរដ្ឋ ថែរក្សា​សុខភាព​ខ្លួនឯង និង​គ្រួសារ ដើម្បី​ពង្រឹង​គុណភាព​ធនធាន​មនុស្ស​នៅ​កម្ពុជា​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ និយាយ​ជា​រួម និង​ដោយឡែក ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ទទួល​ការពិនិត្យ និង​ព្យាបាល​សុខភាព​ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​សប្បុរសធម៌​ប៉ាយ​សួយ​ឡាវ​យិន ខិតខំ​ថែរក្សា​សុខភាព​ខ្លួនឯង និង​ក្រុមគ្រួសារ ជាពិសេស​កុមារ​ដែល​កំពុង​លូតលាស់​និង​ទទួល​ការអប់រំ ដើម្បី​រួមចំណែក​គាំទ្រ​គោលនយោបាយ​ពង្រឹងគុណភាព​ធនធាន​មនុស្ស របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​ថ្លែង​ទៅ​កាន់​អាជ្ញាធរ និង​ប្រជា​ពល​ដ្ឋ ក្នុង​ពិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ រៀបចំ​នៅ​វិទ្យាល័យ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍ថា ដើម្បី​សម្រេចបាន​គោលដៅ​ពង្រឹងគុណភាព​ធនធាន​មនុស្ស ដូច​មាន​កំណត់​ក្នុង​មុំ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​សុខភាព​សាធារណៈ ដោយ​បាន​ពង្រឹង​គុណភាព​នៃ​ការផ្ដល់​សេវា​ពិនិត្យ​និង​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ព្រមទាំង​ការលើកកម្ពស់​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​សារៈសំខាន់​នៃ​កា​ថែទាំ​សុខភាព​។

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដោយសារ​ការមើលឃើញ​ពី​សារៈសំខាន់​នៃ​សុខភាព​សាធារណៈ ជា​ពិ​សេ​សុខុមាលភាព​របស់​ប្រជាជន​នេះ​ហើយ ទើប​នៅ​កម្ពុជា​មាន​បណ្ដា​អង្គការ និង​សមាគម​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​និង​កំពុង​រួមចំណែក​ធ្វើ​សកម្មភាព​មនុស្សធម៌​ផ្នែក​សុខាភិបាល ជូន​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល តួ​យ៉ាង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ ឬ​គ្រូពេទ្យ TYDA ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ជាក់ស្ដែង​នៅ​ថ្ងៃ​នេះ​ផ្ទាល់ ក៏​មាន​ក្រុម​គ្រូពេទ្យ​សប្បុរសធម៌​ប៉ាយ​សួយ​ឡាវ​យិន កំពុង​ចូលរួម​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ក្នុង​ស្រុក​សង្កែ​ដោយ​ឥតគិតថ្លៃ​។

​គួរកត់សម្គាល់​ថា ក្រុមគ្រូពេទ្យ​សប្បុរសធម៌​ប៉ាយ​សួយ​ឡាវ​យិន បាន​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​រយៈកាល​២០​ឆ្នាំ ដោយ​ចាប់​ផ្តើមដំបូង​ក្រោម​ការជួយ​ជ្រោមជ្រែង​ពី​សម្តេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បច្ចុប្បន្ន​ជា​សមាជិក​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។ សម្រាប់​បេសកកម្ម​នៅ​ស្រុក​សង្កែ​នេះ មាន​ការសម្របសម្រួល​ពី​លោក​បណ្ឌិត ឈឹម ផាន់​ណា ការចូលរួម​ពី​គ្រូពេទ្យ​ចំណានៗ មកពី​ប្រទេស​ចិន ថៃ ម៉ាឡេស៊ី និង​កោះ​តៃវ៉ាន់ រួម​ទាំង​ក្រុម​គ្រូពេទ្យ​ក្នុងស្រុក​មួយ​ចំនួន​ទៀត ដោយ​ប្រើ​វិធីសាស្ត្រ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​មួយ​ចំនួន​តាម​វិធី​សម័យ និង​បុរាណ​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​ភិស​ន្តិ​បណ្ឌិ​ត ស សុខា បាន​ថ្លែង​កោតសរសើរ​រដ្ឋបាលខេត្ត​បាត់ដំបង និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​សម្របសម្រួល ដោយ​មាន​ការគាំទ្រ​ពី​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន ស​.​ស​.​យ​.​ក និង​ក្រុមការងារ​យុវជន​កាកបាទក្រហម​កម្ពុជា ស្រុក​សង្កែ ធ្វើឱ្យ​ក្រុម​គ្រូពេទ្យ​សប្បុរសធម៌​ប៉ាយ​សួយ​ឡាវ​យិន មាន​លទ្ធភាព​ងាយស្រួល​ក្នុង​ការផ្ដល់​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​ក្រុមគ្រូពេទ្យ និង​ក្រុម​ការងារ​លោក​បណ្ឌិត ឈឹម ផាន់​ណា ដែល​មិន​ត្រឹមតែ​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ផ្ដល់​អំណោយ​អង្ករ​ជូន​ពលរដ្ឋ​ទៀតផង​៕

Leave a Reply

Your email address will not be published.