ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចាត់ទុក​ប្រព័ន្ធ Cambodia e-Arrival ជា​សមិទ្ធផល​រួម ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​ពង្រឹង​សន្តិសុខ​ក្នុង​បរិបទ​ឌីជីថល​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានចាត់ទុក​ប្រព័ន្ធ​អេឡិចត្រូនិក​ស​លាកប​ត្រ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា ឬ​Cambodia e-Arrival ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ថា​ជា​សមិទ្ធផល​រួម​មួយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ទស្សនវិស័យ​ជឿនលឿន​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ វិនិយោគិន និង​ពង្រឹង​សន្តិសុខ​ក្នុង​បរិបទ​ឌីជីថល ដូច​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ និង​ស្រប​តាម​បរិបទ​នៃ​ពិភពលោក​ដែល​កំពុង​មាន​ភាព​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​។​

​ការ​ថ្លែង​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ធ្វើឡើង​ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ អំពី​ការប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​ស​លាកប​ត្រ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា Cambodia e-Arrival រៀបចំ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ តំណាង​ក្រសួង​សុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល តំណាង​ស្ថានទូត​បរទេស​នានា​ប្រចាំ​នៅ​កម្ពុជា ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន បណ្ដា​ទី​ភ្នាក់ងារទេសចរណ៍ ព្រមទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​តាម​បណ្ដា​ច្រកទ្វារ​ព្រំដែន​គោក និង​អាកាស​ជាច្រើនរូប​។​

​ឯកឧត្តម សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឱ្យដឹងថា ប្រព័ន្ធ Cambodia e-Arrival នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​បំពេញបែបបទ​ចូល​-​ចេញពី​ប្រទេស ធានា​ថា​អ្នកដំណើរ​អាច​ឆ្លងកាត់​បាន​យ៉ាង​ឆាប់រហ័ស មាន​ភាពងាយស្រួល ដោយ​អ្នកដំណើរ​ចូល​កម្ពុជា​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​នានា គ្រាន់​តែ​បំពេញ​ព័ត៌មាន​តាម​ទម្រង់​ដែល​បាន​កំណត់​តាម​តំណ​ភ្ជាប់​ទៅ​គេហទំព័រ www.arrival.gov.kh ឬ​កម្មវិធី Cambodia e-Arrival រួមមាន​៖ ទម្រង់​ស​លាកប​ត្រ​អន្តោប្រវេសន៍ រួម​ទាំង​ពាក្យស្នើសុំ​ទិដ្ឋាការ​ពេលមកដល់​ទម្រង់​លិខិត​រាយការណ៍​គយ និង​ទម្រង់​លិខិត​ប្រកាស​សុខភាព​របស់​អ្នកដំណើរ ខណៈ​បណ្ដា​ប្រទេស​ជឿ​លឿន​កាន់តែច្រើន​បាន​និង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​។​

​បើ​តាម​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា Cambodia e-Arrival រៀបចំ​ដោយ​កូន​ខ្មែរ ក្រោម​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​បច្ចេកទេស​សុខាភិបាល ដោយ​បង្កើតបានជា​ប្រព័ន្ធ​ជាតិ​តែមួយ ដែល​អាច​ឆ្លើយតបបាន​ទៅនឹង​ការវិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា និង​វឌ្ឍនភាព​ជាតិ ជាពិសេស​ក្នុង​ដំណាក់កាល ដែល​រាជរដ្ឋាភិបាល បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់​ទាក់ទាញ​ភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជា​ធុរជន​បរទេស ឱ្យ​ចូល​មក​ទស្សនា និង​ធ្វើ​ធុរកិច្ច​ស្រប​តាម​ការ​គោលនយោបាយ​ទេសចរណ៍ និង​វិនិយោគ និង​ក៏​ផ្តល់​ភាពងាយស្រួល​សម្រាប់​ការគ្រប់គ្រង​កិច្ចការ​សន្តិសុខ និង​ការគ្រប់គ្រង​ទិន្នន័យ​ជនបរទេស​នៅ​កម្ពុជា​ផងដែរ​។​

​ក្រសួងមហាផ្ទៃ បាន​ដាក់ឱ្យ​អនុវត្ត​សាកល្បង​នូវ​ប្រព័ន្ធ Cambodia e-Arrival ​ជា​បណ្ដើរៗ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប​អង្គរ និង​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅតាម​បណ្ដា​ច្រកទ្វារ​អាកាសយានដ្ឋាន​ទាំង​៣​នេះ នៅ​អំឡុង​ខែ​ក​កញ្ញា ឆ្នាំ​២០២៤ មុន​នឹង​បន្ត​ពន្លាត​ទៅ​អនុវត្ត​នៅតាម​បណ្ដា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​ទ្វេភាគី​ផ្សេងទៀត​ជា​បន្តបន្ទាប់​។ ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ ការផ្ដួចផ្ដើម និង​ដឹកនាំ​ឈាន​ទៅ​សម្រេចបាន​នូវ​ប្រព័ន្ធ Cambodia e-Arrival នេះ គឺ​ជា​ការបញ្ជាក់​ច្បាស់​នូវ​លទ្ធផល​ជាក់ស្ដែង​ថ្មី​មួយទៀត នៃ​ទិសដៅ​ការងារ​អាទិភាព​ទាំង​៦ ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានប្រកាស​អនុវត្ត​ចាប់ពី​ដើម​នីតិកាល​ទី​៧៕

Leave a Reply

Your email address will not be published.