ថៃ៖ ត្រូវបានកម្លាំងយោធាថៃខណៈកំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែនថៃកម្ពុជាបានប្រទះឃើញនៅអាវុធជាច្រើនប្រភេទរួមទាំងគ្រាប់រំសេវវេចខ្ចប់យ៉ាងស្អាតក្នុងការ៉ុងជីលាក់ទុកតាមកំពតព្រៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃប្រឈមនិងស្រុកកំរៀង ខេត្តបាត់ដំបង កាល ពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ ។
កម្លាំងយោធាព្រំដែនថៃដែលប្រទះឃើញជាយោធាលេខ ៥២៣ និង ៥២៦ បានធ្វើការចេញល្បាតខ្សែបន្ទាត់ព្រំដែនរបស់ខេត្តច័ន្ទបុរី និងខេត្តត្រាត ដើម្បីត្រួតពិនិត្យបទល្មើសនានាដែលឆ្លងដែនពីកម្ពុជាទៅថៃនិងពីថៃមកកម្ពុជា។
យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់បានបញ្ជាក់ថា ខណៈដែលកម្លាំងយោធាព្រំដែនថៃធ្វើការល្បាតដល់ចំណុចជាព្រៃមួយកន្លែងជាប់ចំការមៀននៅត្រង់ចំណុចស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រឈមនិងស្រុកកំរៀង ខេត្តបាត់ដំបង ក៏បានប្រទះឃើញវត្ថុគួរឱ្យសង្ស័យដែលគេរុំវិជ្ជាប់ដោយការ៉ុងជីជាច្រើនដុំហើយបានលាក់កត់ទុកនៅតាមព្រៃដោយមានការសង្ស័យកម្លាំងយោធាតុថៃបានចូលទៅត្រួតពិនិត្យលើវត្ថុទាំងនោះ។
ក្រោយការត្រួតពិនិត្យឬកម្លាំងយោធាថៃបានរកឃើញ អាវុធប្រភេទ M16 ចំនួន 15 ដើម អាវុធ AK 47 ចំនួន 22 ដើម អាវុធសម្រាប់បាញ់បញ្ជូនគ្រាប់បែកខ្នាត 40 មីលីម៉ែត្រ (M203) ចំនួនមួយដើម អាវុធខ្នាត 12.7 មីលីម៉ែត្រចំនួនមួយដើម គ្រាប់កាំភ្លើងខ្នាត 12.7 មីលីម៉ែត្រចំនួន 510 គ្រាប់។
បច្ចុប្បន្នកម្លាំងយោធាថៃបានប្រមូលអាវុធទាំងនោះយកទៅរក្សាទុកដើម្បីស្រាវជ្រាវរកប្រភពដើម ហើយក៏កំពុងបន្តរុករកតាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕