នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ដែលកិច្ចប្រជុំនេះមានការចូលរួមពី សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ប្រធានគណៈកម្មាធិការអនុសាខាក្រុង/ស្រុក មន្ត្រីប្រចាំការ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីបច្ចេកទេសពីទីស្នាក់ការកណ្តាល សរុបចំនួន ២២៥នាក់។
កិច្ចប្រជុំបានស្តាប់នូវរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ទ្រី វ៉ាន់ឌី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដែលបានគូសបញ្ជាក់ពីសមិទ្ធផល និងវឌ្ឍនភាពការងាររបស់សាខា ដែលបាននិងកំពុងបំពេញការងារមនុស្សធម៌ទៅតាមវិស័យអាទិភាពទាំង៤ រួមមាន៖ ១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ។ ២. សុខភាព និងការថែទាំសុខភាពតាមសហគមន៍។ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌។ ៤. ការអភិវឌ្ឍស្ថាប័ន។
លោកជំទាវ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាទាំងអស់ ដែលបានបំពេញការងារដូចភ្លៀងរលឹមក្នុងការជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះការងារអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្តរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដែលជាប្រតិបត្តិករមនុស្សធម៌ ជាកម្លាំងឈានមុខក្នុងការបំពេញការងារនាពេលកន្លងមក ស្របតាមទិសស្លោក «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសាកល»។
កិច្ចប្រជុំខាងលើនេះ ក៏បានពិភាក្សាប្រមូលនូវធាតុចូលសំខាន់ៗវិភាគលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការអភិវឌ្ឍយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលធ្លាប់ជួបប្រទះនាពេលកន្លងមក។
ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ លោកជំទាវ អគ្គលេខាធិការរងទី ១ បានថ្លែងបូកសរុបនូវកិច្ចប្រជុំដោយទទួលបានលទ្ធផល៖
១. ក្ដាប់បានកម្រិតនៃការអភិវឌ្ឍយុវជនតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តតាមភូមិឃុំ។
២. កំណត់ជាចំណុចគោលសម្រាប់ការបន្តអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តក្នុងបរិបទបរិវត្តកម្មឌីជីថល និងស្របតាមវឌ្ឍនភាពរាជរដ្ឋាភិបាលឌីជីថល។
៣. សាខា នឹងមានសូចនាករ និងផែនការមួយ ដែលវាស់វែងបានជំហានអភិវឌ្ឍការងារយុវជន និងអ្នកស្ម័គ្រចិត្ត ចាប់ពីឆ្នាំ២០២៥ នេះរៀងទៅ។
៤. កំណត់បានអាទិភាពការងារដែលយុវជន និងអ្នកស្ម័គ្រចិត្តបុរេសកម្មអនុវត្ត៕