កណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថបានធ្វើការអនុវត្តតាមបទបញ្ជា ភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៍ ការដឹកនាំ ដោយយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលឯកឧត្តម តែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាព ឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ល្បែងសុីសងគ្រប់ប្រភេទ ចោរលួច ឆក់ ប្លន់ ក្មេងទំនើង ។
ពិសេសអនុវត្តតាមទិសស្លោករបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់។
ជាក់ស្តែង នៅវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានការប្រទះឃើញសាកសព ០១ នៅចំណុចក្នុងព្រៃខាងជើងភូមិប្រហែល១១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាករណីឃាតកម្ម។
ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យលោកវរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំកម្លាំងដោយផ្ទាល់ប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពខាងលើ ឲ្យបានជាដាច់ខាត។
ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
គួបផ្សំនឹងឆន្ទៈ តស៊ូ ព្យាយាម សាមគ្គី សហការគ្នា រវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈានដល់ការកំណត់បាននូវមុខសញ្ញាធ្វើសកម្មភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
*សម្ភារៈបាត់បង់ ម៉ូតូ ០១គ្រឿង, ទូរសព្ទ ០១គ្រឿង។
*វត្ថុតាងចាប់យកពីជនសង្ស័យផ្ទាល់រួមមាន៖ ទូរសព្ទ ០៣គ្រឿង, កាបូបស្ពាយ ០១, ស៊ីមកាត ០៣, ប្រាក់រៀល ២៤០០រៀល, ប្រាក់បាត ៤០បាត, អាវ ០២, ខោ ០១។
*វត្ថុតាងទទួលពីនគរបាលរួមមាន៖ ម៉ូតូ ០១គ្រឿង, ខោរបស់ជនរងគ្រោះ ០១, ដែកគៀបធ្មេញរបស់ជនរងគ្រោះ ០១បន្ទះ, ស្បែកជើងរបស់ជនរងគ្រោះ ០១គូ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះ ដែលមានឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាលពិតប្រាកដមែន ស្លាប់ដោយខ្សែររឹកកនឹងខ្សែអង្រឹង រួចចាក់សាំងដុតចោល)។
+សាកសពមានសភាពឆេះប្រហែល៧០%។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច៕ដោយ ផល ផាន់នី