ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៤៦​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក្រចេះ .!

​ក្រចេះ​÷ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​សីហា ឆ្នាំ​២០២៥ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌ ជា​សម្ភារ​ប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា របស់​សាខា​ខេត្ត​ក្រចេះ ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​បាន​ជម្លៀស​មក​រស់នៅ​តាម​ដង​ផ្លូវ ទីទួល​នានា​ជា​បណ្តោះអាសន្ន សរុប​ចំនួន ៤៦​គ្រួសារ មក​ពី​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​បរិវេណ​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​ក្រចេះ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​ស្រឡាញ់​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅពេលនេះ ដែល​ជានិច្ចកាល សម្តេច តែងតែ​គិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

​ទន្ទឹមនឹងនេះ ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការយកចិត្ត​ទុកដាក់​អំពី​បញ្ហា​សុខភាព​ឱ្យ​បាន​ជាប់​ប្រចាំ ត្រូវ​គេង​ក្នុង​មុង ហូប​ទឹកស្អាត រឺ​ទឹកដាំ​ពុះ ហូប​ចំណី​អាហារ​ដែល​មាន​អនាម័យ​ល្អ និង​សូម​ណែនាំ​កូនចៅ​កុំ​ឱ្យ​លេង​ទឹក ជាពិសេស​នៅ​រដូវ​មាន​ទឹកជំនន់ ។​

​អំណោយ​ដែល​បាន​ផ្តល់ជូន​ក្នុង​១​គ្រួសារ​ទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម សារុង​១ មុង​១ ភួយ​១ ក្រមា​១ អាវយឺត​៣ ម៉ាស់​ក្រណាត់​១០ មី​១​កេស ត្រីខ​១០​កំប៉ុង និង​ថវិកា ៥០.០០០​រៀល ៕ ដោយ​លោក ម៉ែន បូរិទ្ធ​

   

Leave a Reply

Your email address will not be published.