ក្រចេះ÷ នាព្រឹកថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ អញ្ជើញចូលរួមក្នុងពិធីប្រទានភ្លើង ដោយព្រះវិមលរតនៈ ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស ព្រះសុគន្ធសីលសារ ព្រះមេគណខេត្ត ដើម្បីបូជាសព ឯកឧត្តម នូ ភឿង ទីប្រឹក្សាប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ដែលបានទទួលមរណភាពកាលពីថ្ងៃ១ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្នាយុ៨០ឆ្នាំ ដោយជរាពាធ ដែលពិធីបូជាសពស្ថិតនៅវត្តវេឡុគង្គារាម(វត្តអូរឬស្សី) សង្កាត់អូរឬស្សី ក្រុងក្រចេះ ។
ក្នុងឱកាសនេះ ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី បានអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ និងក្រុមគ្រួសារសាច់ញាតិទាំងអស់ចំពោះមរណភាពរបស់ ឯកឧត្តម នូ ភឿង ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា នៃក្រុមគ្រួសារលោកជំទាវ។ សម្ដេចតេជោពិតជាមានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ ឯកឧត្តម នូ ភឿង នៅពេលនេះ។
ការបាត់បង់ ឯកឧត្តម នូ ភឿង នាពេលនេះ គឺជាបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប មិនចេះរីងស្ងួតចំពោះក្រុមគ្រួសារ ដែលតែងតែផ្ដល់នូវដំបូន្មាន អប់រំ ប្រៀនប្រដៅ បុត្រធីតា ចៅៗរហូតបានក្លាយជាធនធានដ៏មានតម្លៃរបស់សង្គមជាតិ ។
ម្យ៉ាងវិញទៀត មរណភាពរបស់ ឯកឧត្តម នូ ភឿង គឺជាការបាត់បង់នូវឥស្សរជន ជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតរបស់ ឯកឧត្តម បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការកសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ។
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នូ ភឿង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយលោក ម៉ែន បូរិទ្ធ





