ព័ត៌មានជាតិ

វាយ​គង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក ជួង អបអរសាទរ​ការចុះ​បញ្ជី​”​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​” ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

​កំពង់ស្ពឺ​៖ នៅវេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ នៅតាម​បណ្ដា មន្ទីរ ស្ថាប័ន អង្គភាព ទី​វត្ត​អារាម សាលារៀន​រដ្ឋ ឯកជន​ទូទាំង​ខេត្ត​កំពង់ស្ពឺ បាន​វាយគង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក ជួង ដើម្បី​ជា​ការ អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ការចុះបញ្ជី​”​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​” ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

​ក្រោយពី គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​សម្រេច​ជា​ឯកច្ឆន្ទ​ចុះ​”​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​”​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស បាន​សម្តែង​នូវ​ក្តី​ត្រេកអរ និង​មាន​មោទភាព​ជាខ្លាំង ក្រោយពី​ទទួលបាន​ដំណឹង​ខាងលេ​ី​។ ជាមួយគ្នា​នោះ​ដែរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ វត្ត​អារាម អាស្រម សាលារៀន វិស័យ​រដ្ឋ ឯកជន និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក៏​បាន​វាយគង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក ជួង​ជា​ដេ​ី​ម ដើម្បី​ជា​ការ​បំផុស​បន្ថែមទៀត​នូវ​ការប្រឆាំង​ដាច់ខាត នៃ​វិនាសកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យ ពូជសាសន៍ និង​ដើម្បី​រំលឹក​អំពី​ភាពចាំបាច់ នៃ​ការរួបរួម​គ្នា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ជា​មរតក​សម្រាប់​យុវជន​ជំនាន់​ក្រោយៗ​ទៀត​។

​សូមបញ្ជាក់​ថា តាមរយៈ សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក៏​បាន​បញ្ជាក់ថា ៖ ការចុះ “​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​” ដែល​រួមមាន អតីត​មន្ទីរឃុំឃាំង ម​-១៣ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍ ជើងឯក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​ផ្តល់​យោបល់ និង​បាន​ណែនាំ​កាលពី​ឆ្នាំ​២០១៩ ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​លទ្ធភាព​បញ្ចូល​ទីតាំង​សារមន្ទីរ ទួលស្លែង ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ ដើម្បី​បន្សល់​ទុក​ជា​កេរ​មរតក​ប្រវត្តិសាស្ត្រ នៃ​ការចងចាំ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​រាប់ពាន់​ឆ្នាំ​ត​ទៅ​មុខ​។ តាមរយៈ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អ្នកជំនាញ​ជាតិ អន្តរជាតិ និង​អង្គការ​យូណេស្កូ ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​បច្ចេកទេស ទៅតាម​នីតិវិធី នៃ​ក្រម​ប្រតិបត្តិ​របស់​អនុសញ្ញា​ឆ្នាំ​១៩៧២ ព្រមទាំង​ទទួលបាន​នូវ​ការទទួលស្គាល់​អំពី​តម្លៃ​លេចធ្លោ​ជា​សកល របស់​ទីតាំង​ទាំង​បី ពី​សំណាក់​អ្នកជំនាញការ​អន្តរជាតិ (ICOMOS) ដោយ​រួមទាំង​ការវាយតម្លៃ និង​ការផ្តល់​យោបល់​គាំទ្រ​ដល់​ការដាក់​បញ្ចូល​ជា​បេតិកភណ្ឌ ពិភពលោក​នូវ​ទីតាំង​ទាំងបី​នេះ​ផងដែរ​៕​

Leave a Reply

Your email address will not be published.