ព័ត៌មានជាតិ

នាយ​ឧត្តមសេនីយ៍ ស ថេត ព្រមាន​ស្នងការ​ខេត្ត​កោះកុង ក្រោយ​បង្ក្រាប​បទល្មើស​ហើយ​បាត់​ទូរ​សព្ទ និង​កុំព្យូទ័រ​៣៥​គ្រឿង​មិន​ដឹង​ទៅណា​, ករណី​ស្រាវជ្រាវ​មិនឃើញ លោក​នឹង​បញ្ជា​កម្លាំង​ថ្នាក់ជាតិ​ចុះ​ភ្លាម​

​ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្ដីបន្ទោស​ដល់​ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក​ឧត្តមសេនីយ៍ទោ គង់ ម​នោ ដែល​បញ្ជា​កម្លាំង​ចុះ​ស្រាវជ្រាវ ស៉ើបអង្កេត និង​បង្ក្រាប​បទល្មើស​នៅ​ទីតាំង​មួយ ហើយ​មាន​ការបាត់បង់​ទូរ​សព្ទ និង​កុំព្យូទ័រ​នៅ​ទីតាំង​នោះ រហូតដល់​៣៥​គ្រឿង​។​

​ការបន្ទោស​របស់​នាយ​ឧត្តមសេនីយ៍ ស ថេត ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រចាំ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២៥ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៥​នេះ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​នាយ​ឧត្តមសេនីយ៍ ស ថេត បាន​ដាក់បទបញ្ជា​ដល់​លោក​ឧត្តមសេនីយ៍ទោ គង់ ម​នោ ត្រូវ​ស្រាវជ្រាវ​បន្ទាន់​លើ​ករណី​បាត់​ទូរ​សព្ទ និង​កុំព្យូទ័រ​ដែល​ជា​វត្ថុតាង បើ​មិន​ដូច្នោះ​ទេ​លោក​នឹង​បញ្ជា​កម្លាំង​ជំនាញ​ថ្នាក់ជាតិ ចុះ​ស្រាវជ្រាវ​តែម្ដង​។​

​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​ទៅធ្វើ​តែ​បទល្មើស​បាន​ហើយ ម៉េច​បាន​បាត់​របស់គេ​។ ឥលូវ​បាត់​ទូរ​សព្ទ និង​កុំព្យូទ័រ​របស់គេ​ទិន្នន័យ​នៅក្នុង​ណុង កុំព្យូទ័រ​៣៥​គ្រឿង ហើយ​ឆ្លើយ​ដាក់​គ្នា​ទៅវិញទៅមក​។ ស្នងការ​កោះកុង មើល​កូនចៅ​បន្ដិច​មើល បើ​មិន​អ៊ីចឹង​ទេ​ឲ្យ​ក្រុម​ស៉ើ​ប​អង្កេត​ទៅ គេ​ឃើញ​កម្លាំង​ស្លៀក​ឈុត​យួរ​របស់​ទាំង​ហ្នឹង​»​។​

​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ការព្រមាន​របស់​អគ្គស្ន​ង​ការ​នគរបាល​ជាតិ​នេះ គេ​មិន​ទាន់​ទទួល​របាយការណ៍​ថា ការចុះ​ស្រាវជ្រាវ​បទល្មើស​នេះ​តាំងពី​ថ្ងៃ​ណា​មក​នោះ​ទេ ហើយក៏​មិន​ទាន់​ដឹងថា​ជា​បទល្មើស​អ្វី​នោះ​ដែរ​៕ ដោយ​លោក ម៉ែន បូរិទ្ធ​

Leave a Reply

Your email address will not be published.