ព័ត៌មានជាតិ

គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​នានា ដែល​ជា​អំណោយ​របស់​ព្រះសង្ឃ រដ្ឋបាលខេត្ត ក្រុង​-​ស្រុក និង​សប្បុរសជន​នៅ​ខេត្ត​ក្រចេះ ត្រូវបាន​នាំយក​ប្រគល់ជូន​កងទ័ព​ជួរមុខ នគរបាល​ការពារ​ព្រំដែន និង​បងប្អូន​ជនភៀសសឹក​

​ក្រចេះ​÷ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៣ ខែ​សីហា ឆ្នាំ​២០២៥ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ដឹកនាំ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ អញ្ជើញ​នាំយក​គ្រឿងឧបភោគ​បរិភោគ សម្ភារ​នានា និង​ថវិកា​ចំនួន​២៥០​លាន​រៀន ដែល​ជា​អំណោយ​របស់​ព្រះសង្ឃ រដ្ឋបាលខេត្ត ក្រុង​-​ស្រុក និង​សប្បុរសជន​នានា​នៅក្នុង​ខេត្ត​ក្រចេះ មក​ប្រគល់​ជូន​កងទ័ព​ជួរ​មុខ​ប្រចាំ​ទិស​ខេត្ត​ឧត្តរមានជ័យ នៅតាម​បន្ទាត់​ព្រំដែន និង​បងប្អូន​ជនភៀសសឹក​ទាំងអស់ ។

​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា រហូត​បន្ត​មក សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​តម្កល់​សុខសន្តិភាព ស្ថិរភាព និង​សេចក្តីសុខ​របស់​ប្រជាជន​ជា​ចម្បង និង​មិន​ឱ្យ​ប្រជាជន​ណា​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​ការខ្វះខាត​ស្បៀង​ឡើយ ទោះបី​សភាពការណ៍​តាម​បន្ទាត់​ព្រំដែន​បាន​ស្ងប់ស្ងាត់​ក្តី ប៉ុន្តែ​ក្នុង​នាម​រដ្ខបាល​ខេត្ត បាន​គោត​សរសើរ នូវ​ភាព​អង់អាច​ក្លាហាន​របស់​កងទ័ព​ជួរមុខ ក្នុង​ការពារ​បូរណភាព​ទឹកដី ប្រឆាំង​សត្រូវ​ឈ្លានពាន​មកលើ​ដែន​អធិបតេយ្យភាព​កម្ពុជា​។​

​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន​បងប្អូន​កងទ័ព និង​ជនភៀសសឹក​ទាំងអស់​ដោ​យក្តី​នឹករលឹក និង​សូម​រក្សា​ភាព​អត់ធ្មត់​ស៊ូទ្រាំ និង​ថែរក្សា​ខ្លួន​នៅ​ទីកន្លែង​សុវត្ថិភាព ខណៈពេលដែល​ការចាកចេញ​ពី គេហដ្ឋាន ភូមិ​ស្រុក បងប្អូន​គឺជា​ការលះបង់​ចាំបាច់​មួយ ដើម្បី​បញ្ចៀស​ហានិភ័យ នៃ​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ដែល​ជួយ​សម្រួល​ឱ្យ​កងទ័ព​របស់​យើង ការពារ​ទឹកដី​ដោយ​ទឹកចិត្ត​មោះមុត និង​អង់អាច​ក្លាហាន ។

​ឯកឧត្តម អភិបាលខេត្ត សូម​ថ្លែងអំណរគុណ និង​គោរព​ដឹងគុណ ដល់​វីរ​កងទ័ព​ជួរ​មុខ​កម្ពុជា ក្នុង​ការការពារ​បូរណភាព​ទឹកដី តាម​ខ្សែ​បន្ទាត់​ព្រំដែន ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន និង​ឈរជើង​យ៉ាងរឹងមាំ ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន ហើយ​សូមឱ្យ​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ មាន​ជំនឿ​ចិត្ត​លើ​ចំណាត់កា​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​នៅ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ និង​បញ្ចប់​ជម្លោះ តាមរយៈ​កិច្ច​ច​ចារ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់ រវាង​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៨ ឆ្លង​ចូល​ថ្ងៃទី​២៩ ខែកក្កដា​តទៅ ។ ឯកឧត្តម បន្ថែមថា តប​តាម​ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ សំដៅ​ឈើ​លើ​ស្មារតី​សាមគ្គី​ជាតិ យន្តការ​ការផ្សារភ្ជាប់​រវាង​សមរភូមិ​ក្រោយ​ជា​មួយ​សមរភូមិ​មុខ ៕ ដោយ​លោក ម៉ែន បូរិទ្ធ​

Leave a Reply

Your email address will not be published.